ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួង២ចាត់ទុកការប្រើឯកសណ្ឋានមន្រ្តីក្នុងពិធីមួយចំនួននៃមង្គលការកំពុងប៉ះពាល់ទម្រង់ដើម

KPS99TV

សេចក្តីសង្ខេប

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា បានអំពាវនាវនៅថ្ងៃទី១ ខែមិថុនា ឱ្យចៀសវាងឯកសណ្ឋានមន្ត្រី សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាលក្នុងពិធីមង្គលការ ហើយស្នើអ្នកពាក់ព័ន្ធគោរពទម្រង់ប្រពៃណី និងបែងចែកពិធីភ្ជាប់ពាក្យពីមង្គលការ។

ក្រសួងវប្បធម៌ និងក្រសួងធម្មការ បានបញ្ជាក់ថា ការប្រើឯកសណ្ឋានមន្រ្តីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាលក្នុងពិធីមួយចំនួននៃមង្គលការកំពុងធ្វើឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍។ ក្រសួងទាំង២ យល់ឃើញថា សកម្មភាពនេះគួរចៀសវាងព្រោះជាឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងពិធីផ្លូវការ និងការបំពេញការងារ។ ម៉្យាងវិញទៀត វាក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះដែរ។

ការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ធ្វើឡើងក្នុងសេចក្តីអំពាវនាវនាថ្ងៃទី០១ ខែមិថុនានេះ បន្ទាប់ពីកន្លងមកមានប្រជាជនខ្លះបានប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្រ្តីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាលនៅក្នុងពិធីមួយចំនួននៃមង្គលការ។ ក្រសួងទាំង២ បញ្ជាក់ថា ការរៀបចំពិធីបែបនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍ និងមិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណទេ ព្រោះថា កិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការតែប៉ុណ្ណោះ រីឯឯកសណ្ឋានសម្គាល់មន្រ្តីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះដែរ។

ក្រសួងទាំង២ ពន្យល់ថា ទម្រង់ដើមនៃកិច្ចនីមួយៗត្រូវបានដូនតាខ្មែររៀបចំឡើងយ៉ាងត្រឹមត្រូវ និងមានលំដាប់លំដោយច្បាស់លាស់ដោយបែងចែកដាច់ពីគ្នារវាង«ពិធីភ្ជាប់ពាក្យ» និង«ពិធីមង្គលការ»។ ម្ល៉ោះហើយ ក្រសួងទាំង២ប្រាប់ឱ្យគួរចៀសវាងការប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្រ្តីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ពីព្រោះជាឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងពិធីផ្លូវការ និងការបំពេញការងារ ពោលគឺមិនត្រូវប្រើប្រាស់នៅក្នុងពិធីមួយចំនួននៃមង្គលការឡើយ និងបានអំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និងអ្នកប្រកបអាជីពពាក់ព័ន្ធនឹងពិធីមង្គលការទាំងអស់ឱ្យចូលរួមគោរពប្រតិបត្តិនូវកិច្ចពិធីអាពាហ៍ពិពាហ៍ទៅតាមលំអានក្បួនច្បាប់ឱ្យបានត្រឹមត្រូវ ហើយពិនិត្យលើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីឱ្យត្រូវទៅតាមប្រភេទនៃពិធី៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…