រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញគ្រោងឆ្អឹងមនុស្សមួយកន្លែងនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ ក្នុងនោះ ស្ត្រីម្នាក់ដែលកំពុងស្វែងរកប្ដីជាអ្នករត់កង់បីឥណ្ឌា និងបានបាត់ខ្លួនអស់រយៈពេលជាង១ខែ បានមកពិនិត្យមើលដោយសង្ស័យថាអាចជាសពប្ដីរបស់ខ្លួន។ ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់ជាបឋមថា គ្រោងឆ្អឹងដែលរកឃើញនេះមានអាយុកាលជាង១ឆ្នាំមកហើយ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ក្រោយទទួលដំណឹងពីការប្រទះឃើញគ្រោងឆ្អឹងមនុស្សនៅមិនឆ្ងាយពីលំនៅឋាន ស្ត្រីដែលធ្លាប់ស្នើសុំឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយករណីបាត់ប្ដី ក៏បានធ្វើដំណើរមកពិនិត្យផ្ទាល់។ ទោះជាយ៉ាងណា មិនទាន់មានភស្តុតាងណាបញ្ជាក់ថាគ្រោងឆ្អឹងនោះជាប្ដីរបស់គាត់ឡើយ ខណៈការធ្វើកោសល្យវិច្ឆ័យនៅមិនទាន់បញ្ចប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ និង ៥០នាទីល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវឌីប៉ុក ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងប្រមូលសំណាកគ្រោងឆ្អឹងខាងលើ ដើម្បីយកទៅធ្វើកោសល្យវិច្ឆ័យ និងស្រាវជ្រាវបន្តរកអត្តសញ្ញាណសព។ ដោយឡែក ស្ត្រីដែលបាត់ប្ដីរូបនោះ ក៏បានអំពាវនាវដល់សមត្ថកិច្ចឱ្យបន្តស្រាវជ្រាវស្វែងរកប្ដីរបស់ខ្លួន ខណៈរូបគាត់នៅតែរស់នៅក្នុងភាពបារម្ភ និងរង់ចាំដំណឹងអំពីស្វាមីដែលបានបាត់ខ្លួន ៕
ដោយ៖ ប៉ៃ សុឃីម


















