(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ កម្ពុជាកំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី ខណៈមានព្យុះទី៦ ឈ្មោះ ចាងមី (Jangmi) T2606 ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ប៉ុន្តែទោះជាយ៉ាងណា ព្យុះនេះមិនមានទិសដៅឆ្លងកាត់កម្ពុជានោះទេ។
យោងតាមការព្យាករណ៍ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទាំង៣ នៃព្រះរាជាណាចក្រកម្ពុជា អាចប្រឈមនឹងបាតុភូតធម្មជាតិដូចខាងក្រោម៖
• តំបន់វាលទំនាប៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៦°C។ អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២០%។
• តំបន់ខ្ពង់រាប៖ សីតុណ្ហភាពចន្លោះពី ២៦°C ដល់ ៣៦°C។ អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ១០%។
• តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៥°C។ អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៤០%។ ដោយឡែក រលកសមុទ្រអាចមានកម្ពស់មធ្យមពី ០,៥០ ទៅ ១,៥០ ម៉ែត្រ។
ក្រសួងបានអំពាវនាវដល់សាធារណជនឱ្យជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងក្នុងអំឡុងពេលនេះ៕
ដោយ ៖ ឡាយ កុល







