នៅថ្ងៃទី១ ខែមិថុនា នគរបាលបានចុះឆែកឆេរផ្ទះជួលមួយក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដើម្បីបង្ក្រាបការឆបោកតាមអ៊ីនធឺណិត តាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត និងអភិបាលខេត្តកែប បណ្ឌិត សោម ពិសិដ្ឋ។
នគរបាលបានបង្ក្រាបទីតាំងសង្ស័យឆបោកតាមអ៊ីនធឺណិត និងឃាត់ខ្លួនជនសង្ស័យ៨នាក់ រួមមានជនជាតិចិន៧នាក់ និងមីយ៉ាន់ម៉ាម្នាក់។
កម្លាំងក៏បានដកហូតសម្ភារៈសង្ស័យប្រើប្រាស់ក្នុងការឆបោក រួមមានកុំព្យូទ័រលើតុ៥គ្រឿង ទូរស័ព្ទដៃ៣គ្រឿង និងឧបករណ៍អេឡិចត្រូនិកពាក់ព័ន្ធផ្សេងទៀត។
ជនសង្ស័យទាំង៨នាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកែប។ មន្ត្រីជំនាញកំពុងបន្តសាកសួរនិងស្រាវជ្រាវ ដើម្បីបញ្ជាក់អំពីសកម្មភាពរបស់ក្រុមនេះ។














