ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តកំពតអំពាវនាវឱ្យថែរក្សាកេរ្តិ៍ឈ្មោះទុរេនកំពតនិងកេរដំណែលម្ហូបអាហារខ្មែរ ដើម្បីទាក់ទាញទេសចរ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អភិបាលខេត្តកំពតបានអំពាវនាវនៅព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឱ្យកសិករ អ្នកផលិត សហគមន៍ និងអាជីវករ រួមគ្នារក្សាគុណភាពនិងអត្តសញ្ញាណទុរេនកំពត នំចំណី និងម្ហូបខ្មែរ ដើម្បីគាំទ្រទេសចរណ៍និងកសិកម្ម។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោមប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង» នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់កសិករ អ្នកផលិត សហគមន៍ និងអាជីវករទាំងអស់ ឱ្យរួមគ្នាថែរក្សាកិត្តិយស និងកេរ្តិ៍ឈ្មោះទុរេនកំពត ព្រមទាំងកេរដំណែលនំចំណី និងម្ហូបអាហារប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្មក្នុងខេត្ត។

ឯកឧត្តមបានលើកឡើងថា ទុរេនកំពត និងផលិតផលកសិកម្មជាច្រើនផ្សេងទៀត បានក្លាយជាអត្តសញ្ញាណដ៏លេចធ្លោរបស់ខេត្ត ដែលមិនត្រឹមតែជាប្រភពចំណូលសម្រាប់ប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះខេត្តកំពតឱ្យកាន់តែល្បីល្បាញលើទីផ្សារជាតិ និងអន្តរជាតិផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពតបានបញ្ជាក់ថា ផ្លែឈើ នំចំណី និងម្ហូបអាហារក្នុងស្រុក មានរសជាតិឆ្ងាញ់ និងជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ជាពិសេសក្នុងរដូវកាលបៃតងនេះ។ ដូច្នេះ ភាគីពាក់ព័ន្ធទាំងអស់គួរចូលរួមថែរក្សាគុណភាព និងអត្តសញ្ញាណផលិតផលទាំងនេះឱ្យបានល្អ ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរ និងពង្រីកទីផ្សារផលិតផលក្នុងស្រុក។

ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា ព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» មិនត្រឹមតែជាវេទិកាសម្រាប់ផ្សព្វផ្សាយ និងលក់ផលិតផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ និងកេរដំណែលម្ហូបអាហាររបស់ប្រជាពលរដ្ឋខេត្តកំពត ដែលបានបន្តថែរក្សា និងបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជន ឱ្យចូលរួមអភិរក្ស និងអភិវឌ្ឍន៍នំចំណីបែបបុរាណ និងម្ហូបប្រពៃណីខ្មែរ ឱ្យស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដើម្បីបង្កើនតម្លៃផលិតផលក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…