ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្ក្រាបគ្រឿងញៀន៦៥ករណីទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យ២៣៨នាក់

KPS99TVសរសេរ:ទាវ វិឆាត

សេចក្តីសង្ខេប

សមត្ថកិច្ចបានរាយការណ៍ថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានបង្ក្រាបគ្រឿងញៀន៦៥ករណី និងឃាត់ខ្លួន២៣៨នាក់ ក្នុងនោះស្ត្រី២៩នាក់។ ករណីរួមមានការជួញដូរ ដឹកជញ្ជូននិងរក្សាទុក និងប្រើប្រាស់គ្រឿងញៀន។

ភ្នំពេញ៖ សមត្ថកិច្ចជំនាញទូទាំងប្រទេស បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦៥ករណី នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនពាក់ព័ន្ធបានសរុប ២៣៨នាក់ ក្នុងនោះមានស្ត្រី ២៩នាក់។ 

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ក្នុងចំណោមករណីដែលបានបង្ក្រាប រួមមាន ករណីជួញដូរ ១៤ករណី ឃាត់ខ្លួន ៣៤នាក់ (ស្រី ៣នាក់), ករណីដឹកជញ្ជូន និងរក្សាទុក ៣០ករណី ឃាត់ខ្លួន ៦៩នាក់ (ស្រី ១១នាក់) និង ករណីប្រើប្រាស់ ២១ករណី ឃាត់ខ្លួន ១៣៥នាក់ (ស្រី ១៥នាក់)។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងជាគ្រឿងញៀន និងសារធាតុគីមីផ្សំជាច្រើន រួមមាន មេតំហ្វេតាមីន (Ice) ចំនួន ១,១៩០.១២ក្រាម, មេតំហ្វេតាមីនប្រភេទ Wy ចំនួន ១,៦៦២.៨៥ក្រាម, កេតាមីន (Ketamine) ចំនួន ១៦,០៩៧.៤៧ក្រាម, អិចស្តាស៊ី (MDMA) ចំនួន ២៧,២២៩.១៧ក្រាម, នីមេតាហ្សាប៉ាម (N-zapam) ចំនួន ០.១៨ក្រាម, កញ្ឆា ៤.៨៦ក្រាម និងសារធាតុគីមីផ្សំសរុប ៨២៤,២៤៥.៤៨ក្រាម។

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានអនុវត្តដោយអង្គភាពនគរបាល និងកងរាជអាវុធហត្ថចំនួន ៧អង្គភាព។ ក្នុងនោះ ខេត្តព្រះសីហនុ ទទួលបានលទ្ធផលបង្ក្រាបច្រើនជាងគេ ដោយបង្ក្រាបបាន ៥២ករណី ឃាត់ខ្លួនជនសង្ស័យ ១៧៧នាក់ និងដកហូតគ្រឿងញៀនជាច្រើនប្រភេទ ព្រមទាំងសារធាតុគីមីផ្សំក្នុងបរិមាណដ៏ច្រើន។

ក្រៅពីនេះ សមត្ថកិច្ចនៅខេត្តសៀមរាប តាកែវ បន្ទាយមានជ័យ និងកំពង់ស្ពឺ ក៏បានចូលរួមបង្ក្រាប និងឃាត់ខ្លួនជនពាក់ព័ន្ធជាច្រើននាក់ផងដែរ។

សមត្ថកិច្ចបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបការជួញដូរ ការដឹកជញ្ជូន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។ «គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក» ជាសារអប់រំដែលអាជ្ញាធរបន្តផ្សព្វផ្សាយ ដើម្បីជំរុញឱ្យសាធារណជនជៀសវាង និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ដោយ៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…