រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការប្តឹងតាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ។ នេះបើតាមញាត្តិគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញនៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ។
តាមញាត្តិគាំទ្រនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ទុកការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ និងចំណាត់ការដ៏ជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ តាមរយៈយន្តការផ្សះផ្សារដោយបង្ខំ និងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) គឺជាដំណោះស្រាយ ផ្សះផ្សារដ៏ត្រឹមត្រូវបំផុត ដោយអ្នកជំនាញផ្សះផ្សារអន្តរជាតិ ដែលនឹងផ្តល់ភាពយុត្តិធម៌សម្រាប់ប្រទេសទាំងពីរ ដោយរក្សាបាននូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងកសាងបាននូវព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក និងការអភិវឌ្ឍ។
រដ្ឋបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សូមរួបរួមគ្នាជាធ្នុងមួយគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដីខ្មែរ ដែនអធិបតេយ្យភាពជាតិប្រកបដោយឆន្ទៈ មនសកិការ ស្នេហាជាតិ ស្នេហាទឹកដី និងការពារឱ្យខានតែបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសូមជឿជាក់លើយន្តការដោះស្រាយដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការ និងច្បាប់អន្តរជាតិ ដែលជាដំណោះស្រាយដ៏ល្អបំផុតការពារបាននូវឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងធានាបាននូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ»។
«យើងខ្ញុំ ក៏សូមថ្លែងអំណរគុណ ដឹងគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន និងសូមប្តេជ្ញាបន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងកម្ពុជា ក្នុងការបំពេញភារកិច្ចការពារបូរណភាព និងអធិបតេយ្យភាពជាតិ សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ សុខសន្តិភាព ស្ថិរភាព នយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃប្រជាជាតិយើង»។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់បន្ថែម៕
ដោយ៖ ង៉ែត ពិសាន្ត







