នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការ អន្តរជាតិនានានៅរាជធានីភ្នំពេញ ស្តីពីការវិវត្តចុងក្រោយបង្អស់ទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយ ផ្តោតសំខាន់លើការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) របស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអ្នកចូលរួមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសេចក្តីជូនដំណឹងផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការចាប់ផ្តើមរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS ដើម្បីដោះស្រាយ ដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា៕ ដោយ៖ ប៉ៃ សុឃីម










