អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានកត់សម្គាល់ឃើញថា ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ កំពុងហូរចូលយ៉ាងច្រើនមកខេត្តព្រះសីហនុ បន្ទាប់ពីមានការបង្ក្រាបនៅតាមបណ្តាខេត្តផ្សេងៗ ដូចជា ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការកត់សម្គាល់របស់ឯកឧត្តម ម៉ាង ស៊ីណេត ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរួមដៃជាមួយស្ថាប័នតុលាការ បានបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) នៅទីតាំងផ្ទះល្វែងមួយកន្លែង ក្នុងក្រុងព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យបានចំនួន១២នាក់ សុទ្ធតែជាជនជាតិចិន។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នៅព្រឹកថ្ងៃទី០៤ ខែមិថុនានេះ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា «បច្ចុប្បន្ន តាំងពីបង្ក្រាបនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានការហូរចូលមកយើងច្រើន ហើយយើងបានបង្ក្រាបស្អាតស្ទើរទាំងស្រុងម្តងរួចហើយ ប៉ុន្តែនៅពេលប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្ក្រាប យើងនៅទីនេះក៏មានការកើនឡើងដែរ»។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ដែរថា ត្រឹមតែ១ថ្ងៃម្សិលមិញ (ថ្ងៃទី០៣មិថុនា) កម្លាំងសមត្ថកិច្ចបានបង្ក្រាប ៨ទីតាំង ក្នុងនោះមាន៣ទីតាំងពាក់ព័ន្ធ Online Scam និង ៥ទីតាំងពាក់ព័ន្ធការអនុញ្ញាតឱ្យជនបរទេសអត់មានឯកសារស្នាក់នៅខុសច្បាប់។ ឯកឧត្តមជំរុញឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវចូលរួមទាំងអស់គ្នាបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ពិសេសប្រជាពលរដ្ឋត្រូវចូលរួមរាយការណ៍អំពីទីតាំង Online Scam ឱ្យកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ខណៈបច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចកំពុងរួមគ្នាបង្ក្រាបដោយមិនសំចៃដៃជាបន្តបន្ទាប់។
បើតាមឯកឧត្តម ម៉ាង ស៊ីណេត ការអនុវត្តអនុក្រឹត្យលេខ០៣ ក៏កំពុងធ្វើជាបន្តបន្ទាប់ដូចគ្នាដែរ។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចត្រួតពិនិត្យបាន ១២០៣ទីតាំង។ ក្នុងចំណោម ១២០៣ទីតាំង មាន៧២ទីតាំងក្រៅពីទីតាំងកាស៊ីណូបានជាប់ពាក់ព័ន្ធ Online Scam និង៤៨ទីតាំងជាប់ពាក់ព័ន្ធឱ្យជនបរទេសអត់មានឯកសារស្នាក់នៅខុសច្បាប់។ ក្នុងនោះ មានជនបរទេសប្រមាណជាង ២៥០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមទាំងកុំព្យូទ័រលើតុជាង ១១៦០០គ្រឿង កុំព្យូទ័រយួរដៃ ១៩៩គ្រឿង ទូរសព្ទជាង ២០០០០គ្រឿង។ ក្រៅពីនេះ អនុក្រឹត្យលេខ០៣ តម្រូវឱ្យផាកពិន័យម្ចាស់ទីតាំងចំនួន២៥ទីតាំង គិតជាថវិកាបានជាង ១៤៣២លានរៀល៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត


























