ខេត្តកណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ដែលបានប្រព្រឹត្តទៅនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
ពិធីដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីសទ្ធាជ្រះថ្លា និងការគោរពប្រណិប័តន៍យ៉ាងជ្រាលជ្រៅរបស់លោកជំទាវបណ្ឌិតចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានគ្រឹះនៃវប្បធម៌ អរិយធម៌ និងសីលធម៌សង្គមខ្មែរ។
«រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ត្រូវបានសាងសង់ឡើងក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ដែលជាទីបដិបត្តិវិបស្សនាធុរៈដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការផ្សព្វផ្សាយព្រះធម៌ ការអប់រំផ្នែកពុទ្ធសាសនា ព្រមទាំងការរៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ការសាងសង់សមិទ្ធផលថ្មីនេះ ត្រូវបានចាត់ទុកថាជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិរក្ស និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់លើការលើកស្ទួយវិស័យសាសនា និងការរស់នៅប្រកបដោយសុខដុមរមនារវាងគ្រប់ជំនឿសាសនានៅក្នុងសង្គម។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានបន្តគាំទ្រ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ជាបន្តបន្ទាប់។ ជាក់ស្តែង សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែចូលរួមក្នុងសកម្មភាពព្រះពុទ្ធសាសនា ក៏ដូចជាបរិច្ចាគធនធាន និងថវិកាដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសាសនានានាទូទាំងប្រទេស។
ពិធីបញ្ចុះបឋមសិលានាពេលនេះ មិនត្រឹមតែជាការចាប់ផ្តើមកសាងសមិទ្ធផលពុទ្ធសាសនាថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការរួមចំណែកក្នុងការពង្រឹងមូលដ្ឋានសីលធម៌ ការអប់រំផ្លូវចិត្ត និងការអភិរក្សព្រះពុទ្ធសាសនា ឱ្យបន្តរីកចម្រើន និងស្ថិតស្ថេរជាមួយសង្គមកម្ពុជាជារៀងរហូត។ ដោយ៖ សុខ ស៊ីណាន
























