ខេត្តព្រះសីហនុ៖ ដើម្បីធានាសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់សិស្សានុសិស្សនៅពេលចូលរៀន កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានបន្តចុះអនុវត្តការងារសម្រួលចរាចរណ៍នៅតាមបណ្តាសាលារៀននានាក្នុងមូលដ្ឋាន។
សកម្មភាពនេះ ត្រូវបានអនុវត្តនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
កម្លាំងនគរបាលបានប្រចាំការនៅតាមចំណុចសំខាន់ៗជុំវិញសាលារៀន ដើម្បីសម្រួលលំហូរចរាចរណ៍ កាត់បន្ថយការកកស្ទះ និងជួយសិស្សានុសិស្សឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ខណៈដែលចំនួនយានយន្តធ្វើដំណើរនាពេលព្រឹកមានភាពមមាញឹក។
វិធានការនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សមត្ថកិច្ចនគរបាល ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ជាពិសេសសម្រាប់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។ ដោយ៖ សុខ ស៊ីណាន














