ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុបន្តជំរុញការវិនិយោគ សន្តិសុខ និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងឆមាសទី១ ឆ្នាំ២០២៦

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

ម៉ាង ស៊ីណេតបានរាយការណ៍ការងារឆមាសទី១នៅថ្ងៃទី៦ មិថុនា២០២៦ ដោយលើកការវិនិយោគដល់២០២៧ និងតំបន់ចុះបញ្ជីដី១១១ភូមិ។ សាយ សំអាល់បានណែនាំពង្រឹងសន្តិសុខ បង្ក្រាបឆបោក ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល និងសេវាសាធារណៈ។

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានធ្វើរបាយការណ៍សង្ខេបសមិទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តរបស់ខេត្តព្រះសីហនុនារសៀលថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៦ដោយលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តព្រះសីហនុបានបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីអាទិភាពនានា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខេត្តបានផ្តោតលើការពង្រឹងការងារគណបក្ស ការគ្រប់គ្រងសមាជិកតាមប្រព័ន្ធព័ត៌មានវិទ្យា និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ ខេត្តបានប្រកាសតំបន់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគ្រប់ ១១១ ភូមិទូទាំងខេត្ត។ វិស័យកសិកម្មត្រូវបានជំរុញតាមរយៈការបង្កើតមជ្ឈមណ្ឌលបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ ខណៈវិស័យទេសចរណ៍បន្តដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ វិស័យសុខាភិបាល និងអប់រំក៏ត្រូវបានលើកកម្ពស់ ដោយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងគុណភាពធនធានមនុស្ស។ លើវិស័យវិនិយោគ រាជរដ្ឋាភិបាលបានបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុរហូតដល់ឆ្នាំ២០២៧ ដើម្បីទាក់ទាញវិនិយោគិន និងជំរុញការអភិវឌ្ឍខេត្ត។ ទន្ទឹមនោះ រដ្ឋបាលខេត្តក៏បានកៀរគរជំនួយសប្បុរសធម៌គាំទ្រប្រជាជនភៀសសឹក និងកងកម្លាំងការពារបូរណភាពទឹកដី។

ទិសដៅបន្តខេត្តនឹងបន្តគាំទ្រ អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពង្រឹងសន្តិសុខ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ជាមួយគ្នានេះ នឹងជំរុញការទាក់ទាញវិនិយោគ បង្កើនទំនុកចិត្តអ្នកវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងរៀបចំការប្រើប្រាស់ដីឱ្យស្របតាមសក្តានុពល ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន។ មានប្រសាសន៍ផ្ដាំផ្ញើក្នុងកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់ខេត្តព្រះសីហនុ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានលើកឡើងថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងការបង្ខូចកេរ្តិ៍ឈ្មោះពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដូច្នេះគ្រប់ភាគីត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ព្រមទាំងពង្រឹងការគ្រប់គ្រងការចេញចូលតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ឯកឧត្តមក៏បានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់ឆ្នេរ ការលើកកម្ពស់ការអប់រំឌីជីថល ការអភិវឌ្ឍវិស័យកសិកម្ម និងវារីវប្បកម្ម ព្រមទាំងការពង្រឹងសេវាសុខាភិបាល ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកែលម្អការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋនិងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុផងដែរ៕

អត្ថបទ ៖ ប៉ៃ សុឃីម
រូបភាព ៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…