លោក Peypey Dy បានបើករថយន្តសេរីទំនើប១គ្រឿងបុករៈម៉ូតូ៤គ្រឿងដែលកំពុងឈប់ចាំស្តុបចុងកៅស៊ូ ក្នុងក្រុងសៀមរាម បណ្តាលឱ្យមានអ្នករងរបួស។ ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ លោក Peypey Dy មិនបានចុះមកមើលនិងដោះស្រាយជាមួយជនរងគ្រោះនោះទេ ពោលគឺនៅអង្គុយក្នុងរថយន្តធ្វើធម្មតា ដែលទង្វើនេះនាំឱ្យមានការប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
ជុំវិញនឹងករណីនេះ លោក Peypey Dy ដែលគេស្គាល់ថា ជាបុគ្គលមានប្រជាប្រិយភាពលើបណ្ដាញសង្គម និងជាម្ចាស់ហាងកាហ្វេបុកល្ហុងដ៏ល្បី និងជាសប្បុរសជនរៃអង្គាសថវិការាប់ម៉ឺនដុល្លារជួយវីរៈកងទ័ពជួរមុខ និងជនភៀសសឹកអំឡុងពេលមានសង្គ្រាមជាមួយថៃ បានបកស្រាយថា «គ្រោះថ្នាក់នៅល្ងាចថ្ងៃទី០៧ ខែមិថុនានេះ គឺជាកំហុសអចេតនារបស់លោក ដោយសារតែលោកច្រឡំជាន់ហ្គា បណ្តាលឱ្យបុករះម៉ូតូ៤គ្រឿងកំពុងឈប់ចាំស្តុបនៅខេត្តសៀមរាប។
ពាក់ព័ន្ធការរិះគន់ពីប្រជាពលរដ្ឋដែលថា លោកមិនចុះដោះស្រាយជាមួយជនរងគ្រោះ Peypey Dy បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ដោយសារតែទ្វារឡានគៀបជាប់នឹងម៉ូតូបើកមិនចេញ ហើយបងប្អូននៅកន្លែងនោះក៏បានឃើញដែរ។ ដោយឡែក បងៗដែលជាម្ចាស់ម៉ូតូក៏បានប្រាប់ដែរថា មិនអីទេ ចុះអត់កើតទេ ដោះស្រាយគ្នាតាមជាក់ស្តែងក៏បាន ហើយប៉ូលិសមកអន្តរាគមន៍ភ្លាមៗ។
យ៉ាងណា Peypey Dy បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមានអ្នកបាក់ដៃជើងដូចព័ត៌មានមួយចំនួនចុះផ្សាយនោះទេ។ ជាក់ស្តែង មានតែជនរងគ្រោះម្នាក់រលាត់ជើង ហើយគាត់ក៏បានទៅស្កែន និងអេកូរួចរាល់ហើយមិនមានបញ្ហាអីទេ។ ទន្ទឹមនឹងនេះ លោក Peypey Dy ក៏បានសម្រួលសងការខូចខាតទៅជនរងគ្រោះដើម្បីបញ្ចប់រឿងរួចរាល់ហើយដោយមានប៉ូលីសជាអ្នកដឹងលឺទៀតផង៕
ដោយ៖ ង៉ែត ពិសាន្ត











