រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងថា ក្រសួងគ្រោងបំពាក់ប្រព័ន្ធ ស៊ិនស័រ (Sensor) លើរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននាឱកាសចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល កាលពីថ្ងៃទី០៧ ខែមិថុនា ឯកឧត្តម ប៉េង ពោធិ៍នា បានពន្យល់ថា ការគ្រោងបំពាក់ប្រព័ន្ធ Sensor លើរថយន្តធំៗ រថយន្តទេសចរណ៍ ក៏ដូចជារថយន្តដឹកទំនិញ ពេលណាដែលរថយន្តបើកលើសល្បឿនគឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុននឹងអាចមានវិធានការភ្លាមៗចំពោះអ្នកបើកបរដែលល្មើស។
ពាក់ព័ន្ធនឹងសំណួរថា តើប្រព័ន្ធគ្រប់គ្រងដោយ Sensor នេះ នឹងដាក់ឱ្យដំណើរការនៅពេលណា? ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងរួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយ ហើយកំពុងសិក្សាជ្រើសរើសបច្ចេកវិទ្យាដែលសមស្រប ដើម្បីដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សូមជម្រាបថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍មានកំណើនតិចតួច បើធៀបនឹងឆ្នាំកន្លងទៅ ខណៈអាត្រាស្លាប់មានកំណើនប្រមាណ១០ភាគរយ របួសមានកំណើនជាង ១០០នាក់។ មានកំណើនដោយសារតែថ្មីៗនេះ មានគ្រោះថ្នាក់រថយន្តដឹកកម្មករ ក្នុងខែឧសភា ដែលមានរបួសរហូតដល់ជាង១០០នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ហើយមានអ្នកស្លាប់រហូតដល់ ១៤នាក់។ នេះបើតាមការឱ្យដឹងពីនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត













