ខេត្តព្រះសីហនុ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបើកកិច្ចសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ គណនេយ្យភាព និងតម្លាភាពក្នុងការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាព។
ពិធីបើកកិច្ចសវនកម្មនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋាន និងជាប្រធានគណៈប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សូ ប៊ុណ្ណារឹទ្ធិ ស្នងការរងផែនការងារសេនាធិការ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមទទួលគណៈប្រតិភូសវនកម្មផ្ទៃក្នុង ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនរបស់ស្នងការដ្ឋានក្នុងការសហការយ៉ាងពេញលេញជាមួយក្រុមការងារសវនកម្ម។
កម្មវិធីនេះ ក៏មានការចូលរួមពីគណៈប្រតិភូសវនកម្មផ្ទៃក្នុង លោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុកទាំង៦ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង២៩ របស់ខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
កិច្ចសវនកម្មផ្ទៃក្នុងនេះ ត្រូវបានរំពឹងថា នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រង ការអនុវត្តការងារ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍អភិបាលកិច្ចល្អ និងទិសដៅកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។ ដោយ៖ សុខ ស៊ីណាន

















