ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវ ឌិត នីតា សាយ សំអាល់ អញ្ជើញប្រារព្ធទិវាកុមារអន្តរជាតិ និងសម្ពោធសមិទ្ធផលថ្មីៗនៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:កែវ ដារ៉ា

សេចក្តីសង្ខេប

លោកជំទាវ ឌិត នីតា សាយ សំអាល់ បានចូលរួមទិវាកុមារអន្តរជាតិនិងសម្ពោធសមិទ្ធផលសាលា ហ៊ុន សែន មិត្តភាព ថ្ងៃទី៨ មិថុនា២០២៦។ សាលារាយការណ៍បុគ្គលិក៥០នាក់ សិស្ស២៩១៣នាក់ រួមមត្តេយ្យ៤២៧និងបឋម២៤៨៦។ ការប្រកួតស្តង់ដាសេវាសាធារណៈនៅរង់ចាំលទ្ធផលផ្តាច់ព្រ័ត្រ។

ខេត្តព្រះសីហនុ៖ លោកជំទាវ ឌិត នីតា សាយ សំអាល់ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសវិស័យអប់រំ និងសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ ឌិត នីតា សាយ សំអាល់ មានប្រសាសន៍លើកឡើងនេះ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៦ និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរូប។
លោកជំទាវបានលើកឡើងថា សាលារៀនគឺជាកន្លែងបណ្តុះបណ្តាលចំណេះដឹង និងជាស្ពានភ្ជាប់ក្តីស្រមៃរបស់កុមារទៅកាន់អនាគត។ ការអប់រំជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងធនធានមនុស្ស ដែលនឹងក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ លោកជំទាវបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ គោរពវិន័យ ស្តាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដើម្បីទទួលបានចំណេះដឹង និងសម្រេចក្តីស្រមៃរបស់ខ្លួននាពេលអនាគត។ លោកជំទាវក៏បានគូសបញ្ជាក់ថា គ្រួសារ និងសាលារៀន គឺជាកត្តាសំខាន់ក្នុងការតម្រង់ទិស និងជួយឱ្យកុមាររីកចម្រើនប្រកបដោយគុណភាព។
លោកជំទាវបានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងគណៈគ្រប់គ្រងសាលា ដែលបានរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណសាលា ឱ្យមានសោភ័ណភាព ស្អាត មានរបៀបរៀបរយ និងក្លាយជាសាលាគំរូមួយក្នុងខេត្តព្រះសីហនុ។
 ដោយឡែក លោកស្រី គឹម ឆេង នាយិកាសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព បានឱ្យដឹងថា បច្ចុប្បន្នសាលាមានបុគ្គលិកសរុបចំនួន ៥០នាក់ ក្នុងនោះស្ត្រី ៣២នាក់ មានអគារសិក្សាចំនួន ៣ខ្នង ស្មើនឹង ៣៧បន្ទប់ និងមានសិស្សសរុប ២,៩១៣នាក់ ក្នុងនោះស្រី ១,៤៣៤នាក់។
សម្រាប់ថ្នាក់មត្តេយ្យសិក្សា មាន ៨ថ្នាក់ និងសិស្សសរុប ៤២៧នាក់ ក្នុងនោះស្រី ២១៤នាក់ ថ្នាក់បឋមសិក្សាមាន ៣៦ថ្នាក់ និងសិស្សសរុប ២,៤៨៦នាក់ ក្នុងនោះស្រី ១,២២០នាក់។
លោកស្រីនាយិកាបានបញ្ជាក់ថា សាលាបានទទួលសមិទ្ធផលជាច្រើនពីការគាំទ្ររបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់។ ជាពិសេស សាលាបានចូលរួមប្រកួតប្រជែងស្តង់ដាសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ដោយបច្ចុប្បន្នកំពុងរង់ចាំលទ្ធផលផ្តាច់ព្រ័ត្រ។
សមិទ្ធផលទាំងនេះ មិនត្រឹមតែផ្តល់ប្រយោជន៍ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពផងដែរ៕ អត្ថបទ៖ ប៉ៃ សុឃីម / រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…