ខេត្តព្រះសីហនុ៖ ដើម្បីរួមចំណែកកសាងវប្បធម៌គោរពច្បាប់ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ក្នុងចំណោមយុវជន កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះអប់រំផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ។
សកម្មភាពផ្សព្វផ្សាយនេះ ត្រូវបានអនុវត្តឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
កម្មវិធីនេះ មានការចូលរួមពីសិស្សានុសិស្សចំនួន ២៤៧នាក់ ក្នុងនោះស្រី ១៥៥នាក់ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងស្មារតីទទួលខុសត្រូវក្នុងការប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយសុវត្ថិភាព។
ក្នុងឱកាសនោះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយអំពីលក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងណែនាំអំពីវិធានការសុវត្ថិភាពក្នុងការបើកបរយានយន្ត គុណប្រយោជន៍នៃការពាក់មួកសុវត្ថិភាព និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។
ជាមួយគ្នានេះ សិស្សានុសិស្សក៏ត្រូវបានក្រើនរំលឹកឱ្យជៀសវាងអំពើល្មើសចរាចរណ៍នានា ដូចជា ការបើកបរបញ្ច្រាសទិស ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ការបើកបរល្បឿនលឿន និងការពាក់ព័ន្ធនឹងគ្រឿងញៀន ដែលជាកត្តាបង្កហានិភ័យដល់សុវត្ថិភាពសាធារណៈ។
សកម្មភាពអប់រំផ្សព្វផ្សាយនេះ គឺជាផ្នែកមួយនៃការជំរុញឱ្យយុវជនក្លាយជាពលរដ្ឋគំរូ មានស្មារតីគោរពច្បាប់ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីរួមចំណែកកសាងសហគមន៍ប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ដោយ៖ សុខ ស៊ីណាន
















