ខេត្តកោះកុង៖ ខណៈរដូវប្រមូលផលទុរេនបានឈានចូលមកដល់ ចម្ការទុរេនមួយកន្លែងនៅស្រុកស្រែអំបិល ខេត្តកោះកុង កំពុងមមាញឹកក្នុងការប្រមូលផល និងទទួលបានការគាំទ្រយ៉ាងល្អពីអតិថិជនទាំងក្នុង និងក្រៅប្រទេស។
លោក សិ សេង ម្ចាស់ចម្ការទុរេនស្រែអំបិល បានឱ្យដឹងថា បច្ចុប្បន្នផ្លែទុរេននៅតំបន់នេះបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗ ខណៈប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាច្រើនក៏បានមកទស្សនាកម្សាន្ត និងសាកល្បងបទពិសោធន៍បេះទុរេនដោយផ្ទាល់ពីចម្ការ ដែលបង្កើតបរិយាកាសសប្បាយរីករាយ និងមានភាពអ៊ូអរជារៀងរាល់ថ្ងៃ។
លោកបានបញ្ជាក់ថា ទុរេនគឺជាដំណាំកសិ-ឧស្សាហកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការពង្រីកផ្ទៃដីដាំដុះ និងការអនុវត្តបច្ចេកទេសកសិកម្មទំនើប បានជួយជំរុញឱ្យវិស័យផលិតទុរេនមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្រៅពីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ផលិតផលទុរេនកម្ពុជាក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិនផងដែរ។
ដោយសារលក្ខខណ្ឌអាកាសធាតុ និងដីមានជីជាតិអំណោយផល ទុរេនស្រែអំបិលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានអត្តសញ្ញាណពិសេស ដែលធ្វើឱ្យទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជនទាំងក្នុង និងក្រៅប្រទេស។
លោក សិ សេង បានបន្ថែមថា ឆ្នាំនេះ ចម្ការរបស់លោករំពឹងប្រមូលផលទុរេនបានប្រមាណ ២០តោន។ ដោយផ្តោតលើការដាំដុះ និងការគ្រប់គ្រងប្រកបដោយស្តង់ដារ លោកមានទំនុកចិត្តខ្ពស់លើគុណភាព និងសុវត្ថិភាពនៃផលិតផល។
លោកបានបន្តថា ទុរេនដែលប្រមូលបានត្រូវបានចែកចាយទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានាទូទាំងប្រទេស ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចទិញទុរេនដែលមានគុណភាពល្អក្នុងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ កសិដ្ឋានក៏កំពុងស្វែងរក និងពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយរសជាតិ និងគុណភាពទុរេនខេត្តកោះកុងឱ្យកាន់តែទូលំទូលាយ។
ការរីកចម្រើននៃវិស័យដាំដុះទុរេន និងការពង្រីកទីផ្សារនាំចេញ កំពុងរួមចំណែកលើកកម្ពស់វិស័យកសិកម្មកម្ពុជា និងបង្កើនចំណូលជូនប្រជាកសិករក្នុងមូលដ្ឋាន ស្របពេលដែលទុរេនកម្ពុជាកំពុងបង្កើនកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ៕ ដោយ៖ ប៉ៃ សុឃីម
















