សកម្មភាពរែកទឹកត្នោតរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលជាមុខរបរ និងរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានចាត់ទុកជាបេតិកភណ្ឌវប្បធម៌រស់មួយ ដែលឆ្លុះបញ្ចាំងពីភាពឧស្សាហ៍ព្យាយាម ភាពច្នៃប្រឌិត និងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនជាមួយធម្មជាតិ។ នាពេលបច្ចុប្បន្ន សកម្មភាពនេះកំពុងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិជាច្រើន ដែលបានចូលរួមសាកល្បង និងស្វែងយល់ពីដំណើរការប្រមូលទឹកត្នោតតាមបែបប្រពៃណី។
តាមរយៈការចូលរួមរែកទឹកត្នោត ភ្ញៀវទេសចរមិនត្រឹមតែទទួលបានបទពិសោធន៍ថ្មី និងសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅអំពីជីវភាពរស់នៅ ប្រពៃណី ទំនៀមទម្លាប់ និងមរតកវប្បធម៌ដ៏មានតម្លៃរបស់ប្រជាជនកម្ពុជា។ សកម្មភាពនេះបានបង្កើតឱកាសឱ្យភ្ញៀវទេសចរបានផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន និងទទួលស្គាល់ពីតម្លៃនៃការអភិរក្សមុខរបរបុរាណដែលមានតាំងពីដូនតាមក។
ជាមួយគ្នានេះ ការចូលរួមរបស់ភ្ញៀវទេសចរអន្តរជាតិក្នុងសកម្មភាពរែកទឹកត្នោត ក៏ជាការរួមចំណែកលើកស្ទួយវិស័យទេសចរណ៍សហគមន៍ និងជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ រូបភាព និងបទពិសោធន៍ដែលភ្ញៀវទេសចរបានចែករំលែកតាមបណ្តាញសង្គម បានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយពីភាពសម្បូរបែបនៃវប្បធម៌ ប្រពៃណី និងសក្ដានុពលទេសចរណ៍របស់កម្ពុជាទៅកាន់មិត្តភក្តិ និងសាធារណជននៅជុំវិញពិភពលោក។
សកម្មភាពនេះបានបង្ហាញថា វប្បធម៌ និងរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ដែលអាចទាញយកចំណាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកស្វែងយល់ និងស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ថែមទៀតផងដែរ៕ ដោយ៖ ប៉ៃ សុឃីម










