សៀមរាប៖ រដ្ឋាភិបាលជប៉ុនបានសម្រេចបន្តផ្តល់ជំនួយថវិកាចំនួន ៩០០,០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្តដំណាក់កាលទី៧ នៃគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន ដែលជាប្រាសាទដ៏លេចធ្លោមួយក្នុងរមណីយដ្ឋានអង្គរ និងជាបេតិកភណ្ឌពិភពលោកដ៏មានតម្លៃរបស់កម្ពុជា។
ជាមួយគ្នានេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២៥០,០០០ ដុល្លារអាមេរិក ជូនអង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund-WMF) ដើម្បីបន្តការងារអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង ដែលជាសំណង់ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងតំបន់អង្គរ។
ការប្រកាសជំនួយទាំងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន លោក Pierre Vincent ទីប្រឹក្សាផ្នែកវប្បធម៌ និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក Nagase Kensuke ភារធារីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងតំណាងស្ថាប័នជាតិ និងអន្តរជាតិ ប្រមាណ ៣០០នាក់។
ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក។ លោកជំទាវក៏បានគូសបញ្ជាក់ពីផលប៉ះពាល់ដែលអាចកើតមានលើសម្បត្តិបេតិកភណ្ឌវប្បធម៌ ដោយសារស្ថានភាពតានតឹង និងការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីធានាការការពារ និងថែរក្សាសម្បត្តិដ៏មានតម្លៃទាំងនេះសម្រាប់មនុស្សជាតិទាំងមូល។
ការបន្តផ្តល់ជំនួយពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌កម្ពុជា ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសម្បត្តិដ៏មានតម្លៃរបស់ពិភពលោកផងដែរ។ ដោយ៖ សុខ ស៊ីណាន











