ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងបរិស្ថានឱ្យក្រុមហ៊ុនរុករករ៉ែមួយនៅមណ្ឌលគិរីស្តារបរិស្ថានឡើងវិញក្រោយឃើញផ្អាកអាជីវកម្ម

KPS99TV

សេចក្តីសង្ខេប

អត្ថបទរាយការណ៍ថា ក្រសួងបរិស្ថានតម្រូវឱ្យ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. គ្រប់គ្រងសំណល់ និងរៀបចំផែនការស្តារបរិស្ថាន។ ការត្រួតពិនិត្យថ្ងៃទី១០ ខែមិថុនា រកឃើញថាអាជីវកម្មផ្អាកពីខែមីនា ឆ្នាំ២០២៦ ដោយអាជ្ញាបណ្ណហួសសុពលភាព និងកំពុងស្នើបន្ត។ ក្រុមការងារយកទឹក១សំណាក និងដី២សំណាកទៅវិភាគ។

បន្ទាប់ពីពុំបានដំណើរការអាជីវកម្មដោយសារអាជ្ញាបណ្ណអាជីវកម្ម រុករករ៉ែរបស់ក្រសួងរ៉ែនិងថាមពល ហួសសុពលភាព ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវចៀសវាងផលប៉ះពាល់បរិស្ថាន។

ដើម្បីឱ្យស្របនីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានហើយត្រឹមត្រូវ ក្រសួងបរិស្ថានបានជំរុញឱ្យក្រុមហ៊ុន ធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុ សម្រាប់ការស្ដារបរិស្ថានឡើងវិញ និងរៀចំផែនការស្តារបរិស្ថាន នៅមុនពេលបញ្ចប់អាជីវកម្មឱ្យស្របតាមការតម្រូវដែលមានចែងក្នុងររបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

យ៉ាងណា កាលពីថ្ងៃទី១០ ខែមិថុនា ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនខាងលើ ហើយបានឃើញថា ក្រុមហ៊ុននេះ ពុំបានដំណើរការអាជីវកម្ម ដោយសារអាជ្ញាបណ្ណអាជីវកម្ម រុករករ៉ែ របស់ក្រសួងរ៉ែនិងថាមពល ហួសសុពលភាព ចាប់តាំងពីខែមីនា ឆ្នាំ២០២៦មកម៉្លេះ។ ប៉ុន្តែ ក្រុមហ៊ុននេះក៏កំពុងស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណឡើងវិញផងដែរ។ ក្រុមការងារបានយកសំណាកទឹកចំនួន១សំណាក និងសំណាកដីចំនួន២សំណាក មកវិភាគនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន ដើម្បីធ្វើជាមូលដ្ឋាក្នុងការវាយតម្លៃ សម្រាប់ការស្ដារបរិស្ថានឡើងវិញ។

ក្រសួងបរិស្ថាន បាននិងកំពុងបន្តជំរុញការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះអាជីវកម្ម សិប្បកម្ម និងរោងចក្រនានា ដែលមិនគោរពបទដ្ឋានគតិយុត្ត បង្កការបំពុល ឬប៉ះពាល់ដល់ធនធានធម្មជាតិ។ វិធានការនេះគឺជាការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…