មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ បានហៅលោកស្រី ទេព បូរី ហៅម៉ែគ្រូនុយក្លែអ៊ែរ មកអប់រំ និងធ្វើកិច្ចសន្យាឱ្យលុបវីដេអូ និងរូបថតសកម្មភាពដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម ចេញពីបណ្តាញសង្គមទាំងអស់។
ការកោះហៅមកអប់រំ និងធ្វើកិច្ចសន្យាលុបវីដេអូបែបនេះ ដោយសារតែ «ម៉ែគ្រូនុយក្លែអ៊ែរ» បានបង្ហោះរូបថត និងវីដេអូនៅលើបណ្តាញសង្គមដែលនាំឱ្យប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ និងព្រះពុទ្ធសាសនា។
ទន្ទឹមនឹងនេះ «ម៉ែគ្រូនុយក្លែអ៊ែរ» ក៏បានយល់ព្រមលុបរាល់រូបភាព និងវីដេអូសកម្មភាពទាំងអស់នៅលើប្រព័ន្ធបណ្តាញសង្គមនានា និងអំពាវនាវដល់បរិស័ទ អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមគ្រប់ប្រភេទទាំងអស់ កុំថតចម្លងចែកចាយបន្តនូវរូបភាព និងវីដេអូចាស់ៗ និងជួយលុបវីដេអូ និងរូបថតសកម្មភាពទាំងចាស់ ទាំងថ្មីចេញពីបណ្តាញសង្គម។
មិនតែប៉ុណ្ណោះ មន្ទីរធម្មការរាជធានីភ្នំពេញ បានស្នើឱ្យបងប្អូនទាំងអស់ បញ្ឈប់បន្តចែកចាយបង្ហោះរូបភាពសកម្មភាពរបស់លោកនៅលើបណ្តាញសង្គមតទៅទៀត ប្រសិនបើបងប្អូននៅតែយកទៅបង្ហោះនឹងត្រូវប្រឈមមុខចំពោះមុខ ច្បាប់ជាធរមានដោយខ្លួនឯង៕
ដោយ៖ ង៉ែត ពិសាន្ត













