(ភ្នំពេញ) ៖ ជនជាតិវៀតណាមចំនួន ៦នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនជាបន្តបន្ទាប់ នៅក្នុងប្រតិបត្តិការចុះរឹតបន្តឹងសន្តិសុខ និងឆែកឆេរអគារខុនដូជួលមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។
យុទ្ធនាការនេះត្រូវបានធ្វើឡើងយ៉ាងម៉ឺងម៉ាត់ក្រោមការបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាការដោះស្រាយនៅលើទីតាំងដោយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដើម្បីឆ្លើយតបទៅនឹងអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ និងបោសសម្អាតរាល់អាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឱ្យអស់ពីមូលដ្ឋាន។
បើតាមការបញ្ជាក់ពី លោក ថេង សុថុល គណៈបញ្ជាការឯកភាពខណ្ឌតែងតែធ្វើសកម្មភាពចុះត្រួតពិនិត្យតាមទីតាំងស្នាក់នៅនានាទាំងតូចទាំងធំជាប្រចាំ ដើម្បីធានាថាគ្មានក្រុមទុច្ចរិតណាមួយអាចលួចលាក់ប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាជម្រក និងជាផ្ទាំងស៊ីបក្នុងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានោះឡើយ។
នៅក្នុងកិច្ចប្រតិបត្តិការឆែកឆេរតាមបន្ទប់នៃអគារខាងលើ សមត្ថកិច្ចបានរកឃើញដូចជា៖
ជនសង្ស័យជនជាតិវៀតណាមចំនួន ៦នាក់។
ទូរស័ព្ទដៃចំនួន ៨គ្រឿង។ កុំព្យូទ័រចំនួន ៣គ្រឿង (ដែលត្រូវបានក្រុមជនសង្ស័យធ្វើការកាច់បំបាក់ចោល ក្នុងបំណងបំផ្លាញភស្តុតាង ដើម្បីគេចវេសពីកំហុស)។
បច្ចុប្បន្នជនបរទេសទាំង ៦នាក់ រួមជាមួយវត្ថុតាងដែលដកហូតបាន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ ៖ ឡាយ កុល











