ក្រោយមានករណីគ្រោះថ្នាក់នាវាចរណ៍ ១ករណីបានកើតឡើងកាលពីថ្ងៃទី១១មិថុនា នៅកៀកនឹងសសរស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ) បណ្តាលឱ្យសាឡង់១គ្រឿងបានលិចនៅចម្ងាយប្រហែល៥០០ម៉ែត្រពីខាងជើងស្ពាន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអំពាវនាវឱ្យម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តំបន់នោះត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀកតំបន់គ្រោះថ្នាក់ខាងលើដាច់ខាត។
ការអំពាវនាវដូច្នេះ បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅថ្ងៃទី១៦ ខែមិថុនា បានឱ្យដឹងថា ដើម្បីធានាសុវត្ថិភាព និរន្តរភាពនៃការធ្វើនាវាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដែលអាចកើតឡើងជាថ្មីម្តងទៀត។ ដូច្នេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បានដាក់ពោងសញ្ញាគ្រោះថ្នាក់ថ្មីនៅទីតាំងគ្រោះថ្នាក់ត្រង់ចំណុចទីតាំងដែលសាឡង់បានលិច និងកំណត់គន្លងនាវាចរណ៍សម្រាប់ផ្លូវនាវាចរណ៍មានសុវត្ថិភាព។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បានអំពាវនាវដូច្នេះ៖ «សូមនាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិនិត្យមើលពោងសញ្ញាគ្រោះថ្នាក់ថ្មីឱ្យបានច្បាស់លាស់ បើកបរតាមគន្លងនាវាចរណ៍ឱ្យបានត្រឹមត្រូវ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀលតំបន់គ្រោះថ្នាក់ខាងលើដាច់ខាត ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ដែលអាចកើតមានជាយថាហេតុ៕
ដោយ៖ ង៉ែត ពិសាន្ត









