ខេត្តព្រះសីហនុ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៦នៅមជ្ឍមណ្ឌលមង្គលសេដ្ឋាច័ន្ទ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លោក សួស សិរីសួស្តី ត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តក្រចេះ មកកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអបអរសាទរចំពោះអភិបាលរងខេត្តថ្មី និងជំរុញឱ្យបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ចូលរួមពង្រឹងការផ្តល់សេវាសាធារណៈ មានប្រសិទ្ធភាពការងារ តម្លាភាព និងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក ហែម ដារិទ្ធ ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងថ្មីជា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។
ថ្លែងនាឱកាសនោះឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់រដ្ឋបាលខេត្តព្រះសីហនុ និងបានណែនាំឱ្យគ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បន្តសហការគាំទ្រអភិបាលរងថ្មី ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍខេត្ត។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការថែរក្សា និងការពារធនធានធម្មជាតិ ដូចជា តំបន់ឆ្នេរ កោះ និងព្រៃកោងកាង ដែលជាសក្ដានុពលសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍របស់ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរលោក សួស សិរីសួស្តី បានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រើប្រាស់បទពិសោធន៍ការងារដែលមាន ដើម្បីចូលរួមដឹកនាំ និងអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន ព្រមទាំងគោរពក្រមសីលធម៌វិជ្ជាជីវៈ និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕
ដោយ៖ ប៉ៃ សុឃីម















