កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា១០នាក់យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈនៅលើផ្លូវលេខ១០៦ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងទៅ។
ទង្វើរបស់ក្រុមក្មេងទំនើងទាំងនេះ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ទុកជាហេតុបង្កឱ្យមានភាពអនាធិបតេយ្យ ប៉ះពាល់ដល់សុខសុវត្តិភាព បង្កការភាពភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន បាត់សីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន០៥គ្រឿង (ម៉ាក NEX ពណ៌ខៀវ ឆ្នាំ២០១៨ ផ្លាកលេខកំពង់ឆ្នាំង 1G-4644, HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២០ ផ្លាកលេខ ភ្នំពេញ 1IN-7395, HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៤ ផ្លាកលេខ ភ្នំពេញ 1KU-6795, HONDA DREAM ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ធំ 1U-0188, HONDA DREAM ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ឆ្នាំង 1Q-1266) និងទូរស័ព្ទ ចំនួន១២គ្រឿង (ម៉ាក IPHONE ១១គ្រឿង, VIVO ០១គ្រឿង)ថែមទៀត។
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យានៅចំពោះមុខឪពុកម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលបង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
ដោយ៖ ង៉ែត ពិសាន្ត












