ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គយ និងវិស័យឯកជន បើកកិច្ចប្រជុំបន្ទាន់ ពិភាក្សាផលប៉ះពាល់ពីការចុះត្រួតពិនិត្យឃ្លាំង និងឃាត់ទំនិញ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

គយ និងតំណាងវិស័យឯកជនបានប្រជុំបន្ទាន់ថ្ងៃទី១៨ មិថុនា ពិភាក្សាផលប៉ះពាល់ពីការត្រួតពិនិត្យឃ្លាំង និងឃាត់ទំនិញ។ អង្គប្រជុំស្នើនីតិវិធីច្បាស់លាស់ ស្របច្បាប់ និងបែងចែកទំនិញនាំចូលខុសច្បាប់ឬគេចពន្ធ ពីទំនិញស្របច្បាប់សម្រាប់ផលិតកម្ម។

ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីផលប៉ះពាល់ដែលកើតឡើងពីវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរ។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងវិស័យឯកជនជាច្រើន រួមមានសមាគម ក្រុមហ៊ុនដឹកជញ្ជូន សហគ្រាសមានឃ្លាំងស្តុកទំនិញ និងអ្នកនាំចេញ-នាំចូល ដែលបានលើកឡើងពីបញ្ហាប្រឈមនានាក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ការផ្អាក ឬបិទឃ្លាំងទំនិញស្របច្បាប់មួយចំនួន បានបង្កការរំខានដល់ដំណើរការផលិតកម្មរបស់រោងចក្រ និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលពឹងផ្អែកលើវត្ថុធាតុដើមសម្រាប់ផលិតកម្មប្រចាំថ្ងៃ។ ស្ថានភាពនេះអាចបណ្តាលឱ្យអាជីវកម្មខាតបង់ចំណូល និងជួបការលំបាកក្នុងការសងបំណុលធនាគារ។

ក្នុងកិច្ចពិភាក្សា ភាគីឯកជនក៏បានលើកឡើងថា ការចុះត្រួតពិនិត្យខ្លះអាចមិនទាន់អនុវត្តតាមនីតិវិធីច្បាប់បានពេញលេញ និងខ្វះការសម្របសម្រួលពីមន្ត្រីជំនាញគយ។ ជាមួយគ្នានេះ ការផ្សព្វផ្សាយព័ត៌មាន និងរូបភាពបង្ក្រាបតាមបណ្តាញសង្គមក្នុងលក្ខណៈខ្លីៗ បានបង្កការភាន់ច្រឡំ និងអាចប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន។

អង្គប្រជុំបានឯកភាពថា ការដោះស្រាយបញ្ហាត្រូវផ្អែកលើការគោរពច្បាប់ជាធរមាន និងបែងចែកឱ្យបានច្បាស់រវាងទំនិញថៃនាំចូលខុសច្បាប់ ឬគេចពន្ធ និងទំនិញនាំចូលស្របច្បាប់ដែលប្រើប្រាស់សម្រាប់ផលិតកម្ម។

ជាមួយគ្នានេះ អង្គប្រជុំបានស្នើឱ្យមានកិច្ចអន្តរាគមន៍ និងកិច្ចពិភាក្សាបន្ទាន់ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់នីតិវិធីត្រួតពិនិត្យឱ្យមានភាពច្បាស់លាស់ ស្របច្បាប់ និងរក្សាស្ថិរភាពបរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចជាតិ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…