(កណ្ដាល) ៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មួយកន្លែងដែលលួចលាក់ធ្វើសកម្មភាពនៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ខេត្តកណ្តាល។
ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ២១នាក់ (ស្ត្រី ២នាក់) ព្រមទាំងដកហូតឧបករណ៍បម្រើឱ្យសកម្មភាពខុសច្បាប់មួយចំនួនរួមមាន៖ កុំព្យូទ័រលើតុ៤៨គ្រឿង, Laptop ៣គ្រឿង និងទូរស័ព្ទដៃ៩គ្រឿង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច ពិសេសអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយចុះធ្វើរដ្ឋបាលចំហរជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឡើយ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមសហការរាយការណ៍ក្នុងករណីមានការសង្ស័យលើទីតាំងណាមួយ។ អាជ្ញាធរនឹងធានារក្សាការសម្ងាត់ជូនយ៉ាងដាច់ខាត ព្រមទាំងមានការជូនរង្វាន់លើកទឹកចិត្តចំពោះព័ត៌មានជាក់លាក់ណាដែលឈានទៅដល់ការបង្ក្រាបបទល្មើសបានជោគជ័យ ដើម្បីរួមគ្នាសម្អាតល្បែងឆបោកអនឡាញឱ្យអស់ពីកម្ពុជា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ ឡាយ កុល














