ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដំណឹងល្អ! រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងសាងសង់ស្ពានឆ្លងព្រែកជីផាត ខេត្តកោះកុង ក្នុងទំហំទឹកប្រាក់ប្រមាណ ៣លានដុល្លារ

KPS99TV

សេចក្តីសង្ខេប

រាជរដ្ឋាភិបាលកំពុងសិក្សាស្ពានឆ្លងព្រែកជីផាត ខេត្តកោះកុង ក្នុងថវិកាប្រមាណ៣លានដុល្លារ ដោយវាយតម្លៃបច្ចេកទេស និងបរិស្ថាន។ ពលរដ្ឋបានស្នើស្ពានប្រវែង១៦២ម៉ែត្រ ទទឹង១០ម៉ែត្រ ខណៈបច្ចុប្បន្ននៅពឹងលើសាឡាងដរ។

(កោះកុង) ៖ តំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង អាចនឹងមានស្ពានឆ្លងកាត់នាពេលខាងមុខ ខណៈដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងពាក់ព័ន្ធ កំពុងតែស្ថិតក្នុងដំណាក់កាលសិក្សាគម្រោងសាងសង់ស្ពានឆ្លងព្រែកជីផាត ដែលរំពឹងថានឹងត្រូវចំណាយកញ្ចប់ថវិកាជិត ៣លានដុល្លារអាមេរិក។

លោក ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្រុមការងារជំនាញកំពុងធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ទាំងលើផ្នែកបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន។ ផ្អែកលើលទ្ធផលនៃការសិក្សាបឋម គម្រោងស្ពានដែលគ្រោងចំណាយថវិកាខ្ទង់ ៣លានដុល្លារនេះ នឹងក្លាយជាសមិទ្ធផលដ៏សំខាន់សម្រាប់បម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងស្រុកថ្មបាំង។

ព័ត៌មាននេះបានបង្កើតជាក្តីសង្ឃឹមយ៉ាងធំធេង បន្ទាប់ពីមានការទទូចស្នើសុំជាច្រើនលើកពីសំណាក់អាជ្ញាធរមូលដ្ឋាន អ្នកភូមិ ក៏ដូចជាភ្ញៀវទេសចរ ដែលចង់បានស្ពានឆ្លងកាត់នេះ ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍ និងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

គួររំលឹកផងដែរថា ឃុំជីផាតទើបតែទទួលបានសមិទ្ធផលផ្លូវកៅស៊ូថ្មីសន្លាងប្រភេទ DBST ប្រវែង ១៦គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ ដែលជាការអភិវឌ្ឍជំនួសផ្លូវគ្រួសក្រហមចាស់ដ៏លំបាកធ្វើដំណើរ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដឹកនាំដោយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍។ ស្របពេលមានផ្លូវថ្មីនេះ ប្រជាពលរដ្ឋ និងអ្នកដំណើរបានបន្តស្នើសុំឱ្យមានការសាងសង់ស្ពានបន្ថែម ដែលមានប្រវែង ១៦២ម៉ែត្រ និងទទឹង ១០ម៉ែត្រ ដើម្បីបង្កើនភាពងាយស្រួល។

បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរ បានលើកឡើងថា វត្តមាននៃស្ពាននេះនឹងជួយកាត់បន្ថយការលំបាកបានយ៉ាងច្រើន ជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានលឿនរហ័ស និងជួយជម្រុញឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះរីកចម្រើនទ្វេដង។

លោក ម៉ឹង សុភា មេឃុំជីផាត បានបង្ហាញការចង់បានស្ពាននេះក្នុងពេលឆាប់ៗដូចគ្នា ដោយលោកបានបញ្ជាក់ថា កន្លងមកលោកធ្លាប់បានដាក់ពាក្យស្នើសុំទៅកាន់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធមិនក្រោម ៣ដងនោះទេ។

បច្ចុប្បន្ន ដោយសារមិនទាន់មានស្ពាន ទាំងអ្នកស្រុក និងភ្ញៀវទេសចរ ត្រូវពឹងផ្អែកទាំងស្រុងលើការធ្វើដំណើរតាមសាឡាងដរ។ ទោះបីជាសាឡាងនេះផ្តល់ភាពងាយស្រួល និងជួយដឹកជញ្ជូនអ្នកភូមិដោយមិនគិតថ្លៃនៅពេលមានធុរៈអាសន្ននាពេលយប់ក៏ដោយ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរវិញ តែងតែមានការរអ៊ូរទាំពីការរង់ចាំយូរ ពិសេសនៅថ្ងៃដែលមានមនុស្សធ្វើដំណើរទៅកម្សាន្តច្រើនកុះករ។ កត្តានេះហើយ ទើបការសាងសង់ស្ពានថ្មី កំពុងក្លាយជាតម្រូវការជាក់ស្តែងដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំង៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…