ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកពូទីន៖កម្ពុជាគឺជាមិត្តនិងជាដៃគូយូរអង្វែង

KPS99TV

សេចក្តីសង្ខេប

Vladimir Putin និង ហ៊ុន ម៉ាណែត បានជួបទ្វេភាគីនៅកាហ្សាន នាល្ងាចថ្ងៃទី១៨ មិថុនា ដោយលើកឡើងពីមិត្តភាពយូរអង្វែង និងពិភាក្សាកិច្ចសហប្រតិបត្តិការច្រើនវិស័យ។ ហ៊ុន ម៉ាណែត ក៏ស្នើការគាំទ្ររុស្ស៊ីចំពោះសំណើ FTA រវាងកម្ពុជា និង EAEU។

ប្រធានាធិបតីរុស្ស៊ី ឯកឧត្តម Vladimir Putin បានថ្លែងថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង។ ការថ្លែងរបស់ប្រធានាធិបតីរុស្ស៊ីដូច្នេះ ធ្វើឡើងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ក្នុងឱកាសសម្តេចធិបតីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នាឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-កម្ពុជា។ នេះបើតាមឯកឧត្តមប្រធានាធិបតី ដោយបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែផ្តល់អាទិភាពខ្ពស់លើការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ កម្ពុជាតែងផ្ដល់តម្លៃខ្ពស់ដល់មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៊ី ដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយ, ការគាំទ្រនិងគោរពគ្នាទៅវិញទៅមក, និង ផលប្រយោជន៍រួម។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានផ្ដល់ជំនួយនិងការគាំទ្រ នានាដល់ប្រទេសកម្ពុជា ក្នុងគ្រាលំបាករបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ បន្ថែមលើនេះ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើលើគ្រប់វិស័យ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីរុស្ស៊ី ក៏បានពិភាក្សាអំពីទិសដៅ និងគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ, ពាណិជ្ជកម្ម និងការវិនិយោគ, ថាមពល, កសិកម្ម, សន្តិសុខ និងការពារជាតិ, ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេស ក្នុងក្របខ័ណ្ឌការអប់រំ និងបណ្តុះបណ្តាល, សុខាភិបាល, ទេសចរណ៍, និង វប្បធម៌។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការបន្តផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និងគណបក្ស។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីក៏បានស្នើឱ្យឯកឧត្តមប្រធានាធិបតីរុស្ស៊ី គាំទ្រសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…