កម្លាំងមន្ត្រីបរិស្ថានកំពុងសហកាជាមួយកម្លាំងនគរបាល អាវុធហត្ថ កម្លាំងបញ្ជាការពាររួមទាំងអាជ្ញាធរមូលដ្ឋាន និងសាច់ញាតិ បន្តស្វែងរកបុរសម្នាក់ដែលបន្សល់ទុកម៉ូតូនិងសំបុត្រ១ច្បាប់មានខ្លឹមសារថា«បើអ្នកបានឃើញសំបុត្រនេះ មានន័យថាខ្ញុំបានស្លាប់ហើយ» នៅគ្រប់ច្រកល្ហកជុំវិញបរិវេណនៅលើភ្នំគិរីរម្យនិងបន្តឈានទៅស្វែងរកទីជ្រៅៗបន្តទៀត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
ហេតុការណ៍បាត់ខ្លួនបុរសខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលនៅពេលមានការប្រទះឃើញម៉ូតូមួយគ្រឿងផ្លុងទុកចោលនេះកាលថ្ងៃទី១៩ ខែមិថុនា។ យោងតាមមន្ត្រីបរិស្ថានបានឱ្យដឹងថា ម៉ូតូម៉ាក ADV ១គ្រឿងដែលបានប្រទះឃើញក្នុងចន្លោះម៉ោង ៣៖៣០នាទីរសៀល មានពាក់ផ្លាកលេខភ្នំពេញ 1LE-9373 និងមួកសុវត្ថិភាពនៅជាប់កញ្ចក់ គ្មានម្ចាស់ ស្ថិតនៅចំណុចផ្លូវលំបំបែកជាបី ទៅក្រុមហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេសចរណ៍ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើតំបន់ឧទ្យានជាតិគីរីរម្យ ហើយបានរាយការណ៍ទៅអធិការនគរបាលស្រុកភ្នំស្រួច មកពិនិត្យ។
ក្រោយការឆែកឆេរក្នុងម៉ូតូ កម្លាំងសមត្ថកិច្ច បានរកឃើញមានសម្ភារជាប់ម៉ូតូ នៅក្រោមកែបម៉ូតូមានកាបូបស្ពាយពណ៌ខ្មៅចំនួន១ និងកាបូបយួរពណ៌ក្រហមចំនួន១ កូនកាបូបដាក់លុយពណ៌ខ្មៅចំនួន១ ស្បែកជើងប៊ូពណ៌ខ្មៅ ១គូម៉ាក LV ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១ ទូរស័ព្ទមួយគ្រឿង ម៉ាក IPhone ពណ៌ស អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៦ មានទីលំនៅបច្ចុប្បន្នភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងនោះក៏មានសំបុត្រ១ច្បាប់សរសេររៀបរាប់ដែលមានខ្លឹមសារថា «បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើយ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុក និងម៉ូតូហើយ ខ្ញុំសូមអរគុណបង សូមជួយតេរកបងប្អូនខ្ញុំផង បងរុំ 0886552007 ប្អូនរឹត 081836536 សុំទោសដែលធ្វើឲ្យបងពិបាក មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង រួមមានសម្ភារៈខោអាវមួយចំនួនទៀត»។
ជុំវិញនឹងករណីនេះ មន្ត្រីបរិស្ថាននិងសមត្ថកិច្ចចម្រុះ កំពុងតែបន្ដស្វែងរកម្ចាស់សំបុត្រ ដោយស្ថានភាពមេឃភ្លៀង និងយប់ងងឹត ខណៈការរុករកនៅមិនទាន់ឃើញនៅឡើយទេ ក្នុងរយៈពេល២ថ្ងៃ គិតត្រឹមម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែមិថុនានេះ៕
ដោយ៖ ង៉ែត ពិសាន្ត















