រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿនការស្តារ និងសម្អាតប្រព័ន្ធលូជាអាទិភាពនៅក្នុងខណ្ឌចំការមន ចំនួន ១០ខ្សែ បន្ទាប់ពីបានបញ្ចប់ការងារស្តារលូ និងសម្អាតទរទឹកភ្លៀងនៅខណ្ឌដូនពេញ និងអនុវត្តគម្រោងស្តារប្រឡាយ ព្រមទាំងកសាងស្ថានីយបូមទឹកនៅតំបន់ជាយរាជធានីរួចរាល់។
ការងារនេះធ្វើឡើងតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងគោលបំណងត្រៀមរំដោះទឹកភ្លៀង កាត់បន្ថយការជន់លិច និងការពារផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សាខាងមុខ។
លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រុមការងារកំពុងចុះស្តារលូនៅតាមមហាវិថី និងផ្លូវសំខាន់ៗក្នុងខណ្ឌចំការមន ដូចជា មហាវិថីសម្តេចសុធារស មហាវិថីព្រះនរោត្តម មហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីវង្ស មហាវិថីយុទ្ធពលខេមរភូមិ ផ្លូវរដ្ឋសភា ផ្លូវចៃការ ផ្លូវលេខ៤៣០ ផ្លូវលេខ៤៦៦ និងផ្លូវលេខ៤៨៤។
ប្រតិបត្តិការនេះប្រើប្រាស់រថយន្តចំនួន ១២គ្រឿង បែងចែកជា ៥ក្រុម ដើម្បីអនុវត្តការងារព្រមៗគ្នា។ បន្ទាប់ពីបញ្ចប់នៅខណ្ឌចំការមន ក្រុមការងារនឹងបន្តទៅខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌទួលគោកជាបន្តទៀត។
ជាមួយគ្នានេះ លោក ឯក ឃុនដឿន បានណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ ពិនិត្យកំណត់ទីតាំងប្រឈមការលិចលង់ខ្លាំង ដើម្បីស្តារប្រព័ន្ធបង្ហូរទឹកឱ្យបានទាន់ពេលវេលា។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជួយរក្សាអនាម័យ បរិស្ថាន និងកាត់បន្ថយការកកស្ទះប្រព័ន្ធលូ ដែលជាមូលហេតុនាំឱ្យមានការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។
សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូន កំពុងសហការអនុវត្តយុទ្ធនាការស្តារអណ្តូងលូ និងសម្អាតដីភក់ក្នុងប្រព័ន្ធបង្ហូរទឹក នៅតាមខណ្ឌកណ្តាលរាជធានី ដើម្បីត្រៀមទប់ស្កាត់ការជន់លិចមុនរដូវវស្សានេះ៕
ដោយ៖ ប៉ៃ សុឃីម



















