ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានចុះបង្ក្រាបសង្វៀនមាន់ជល់ខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៦នាក់ ខណៈកំពុងប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឃន មន អភិបាលរងក្រុងព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតវត្ថុតាងរួមមាន មាន់ជល់ ៦ក្បាល ម៉ូតូ ៦គ្រឿង ជញ្ជីងថ្លឹងមាន់ ១គ្រឿង ព្រមទាំងសម្ភារពាក់ព័ន្ធនឹងល្បែងខុសច្បាប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ បានឱ្យដឹងថា ក្រុមអ្នកលេងល្បែងទាំងនេះ តែងប្រមូលផ្តុំគ្នាជល់មាន់ និងភ្នាល់ប្រាក់ស្ទើរតែរៀងរាល់ថ្ងៃ ដែលបង្កការរំខានដល់សន្តិសុខ សណ្តាប់ធ្នាប់ និងភាពសុខសាន្តក្នុងមូលដ្ឋាន។
ក្រោយការបង្ក្រាបដោយជោគជ័យ ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ និងថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច ដែលបានចាត់វិធានការទាន់ពេលវេលា ដើម្បីទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ និងរក្សាសន្តិសុខជូនសហគមន៍៕
ដោយ៖ ប៉ៃ សុឃីម














