(ភ្នំពេញ) ៖ នៅក្នុងកិច្ចប្រជុំពង្រឹងការងារជំនាញកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំយ៉ាងតឹងរ៉ឹងដល់កងកម្លាំងក្រោមឱវាទទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការស៊ើបអង្កេត និងបោសសម្អាតរាល់ទម្រង់នៃបទល្មើសឆបោកតាមអ៊ីនធឺណិត (Online Scams)។ ការអនុវត្តនេះ ត្រូវតែធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាប់ និងជំនាញបច្ចេកទេសច្បាស់លាស់។
បន្ថែមពីលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឯកឧត្តមក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចំពោះករណីជួញដូរមនុស្ស ព្រមទាំងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើន រួមមាន ស្នងការរង នាយការិយាល័យទាំង៣៣ និងអធិការខណ្ឌទាំង១៤។ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានក្រើនរំលឹកដល់ប្រធានអង្គភាពនីមួយៗ ត្រូវតាមដាន និងគ្រប់គ្រងកម្លាំងរបស់ខ្លួនឱ្យបានដិតដល់ ហើយអ្វីដែលសំខាន់នោះគឺត្រូវចេះជួយយកអាសារគ្នា ដោយត្រូវចុះសួរសុខទុក្ខមន្ត្រីដែលមានជំងឺ ឬមន្ត្រីដែលកំពុងជួបការលំបាកក្នុងជីវភាពជាដើម៕
ដោយ ៖ ឡាយ កុល













