ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាវុធហត្ថព្រះសីហនុ បង្ក្រាបទីតាំង Online Scam ឃាត់ខ្លួនជនបរទេស ៩នាក់ ដកហូតកុំព្យូទ័រ និងទូរសព្ទជាច្រើនគ្រឿង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អាវុធហត្ថខេត្តព្រះសីហនុបានបង្ក្រាបទីតាំងសង្ស័យឆបោកអនឡាញនៅផ្ទះល្វែង៣ល្វែង នាថ្ងៃទី២១ ខែមិថុនា ដោយឃាត់ជនសង្ស័យចិន៨នាក់ និងមីយ៉ាន់ម៉ាម្នាក់ និងដកហូតកុំព្យូទ័រ៨ឈុត ទូរសព្ទ១២គ្រឿង ព្រមទាំងឯកសារពាក់ព័ន្ធ។

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង ស្ថិតនៅផ្ទះល្វែងចំនួន ៣ល្វែង ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង ០០:០៥នាទី រំលងអធ្រាត្រ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៩នាក់ ក្នុងនោះមានជនជាតិចិន ៨នាក់ និងជនជាតិមីយ៉ាន់ម៉ា ១នាក់ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ។

ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រ All-in-One ចំនួន ៨ឈុត ទូរសព្ទដៃ ១២គ្រឿង លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ បណ្ណការងារ កាតធនាគារ និងឯកសារពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…