ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អគារដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីកំពុងសម្រុកការសាងសង់ខណៈគ្រោងសម្ពោធនៅខែកញ្ញា

KPS99TVថតរូប:កែវ ដារ៉ា

សេចក្តីសង្ខេប

អគារដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីកំពុងពន្លឿនការសាងសង់ ខណៈមន្ត្រីបានចុះពិនិត្យវឌ្ឍនភាពនៅថ្ងៃទី២២ ខែមិថុនា។ អគារកម្ពស់៦ជាន់ដែលបញ្ចុះបឋមសិលានៅឆ្នាំ២០២២ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ២០២៦។

ក្រុមវិស្វករនិងកម្មករសំណង់កំពុងពន្លឿនការងារសាងសង់អគារដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីយ៉ាងសស្រាក់សស្រ៊ាំ ដើម្បីឱ្យគម្រោងមួយនេះបានបញ្ចប់ដោយរលូនមុនថ្ងៃសម្ពោធជាផ្លូវការ ខណៈបច្ចុប្បន្ននៅសល់ការងារចំនួនស្ទើរតែបញ្ចប់ការសាងសង់ទាំងស្រុង។

ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែមិថុនា បានបើកកិច្ចប្រជុំជាមួយក្រុមមន្រ្តីបច្ចេកទេស និងក្រុមវិស្វករ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី។ ក្នុងនោះ ឯកឧត្តម លី រស្មី រួមទាំងឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំមន្រ្តីបច្ចេកទេស និងក្រុមវិស្វករ ចុះពិនិត្យការសាងសង់ដោយផ្ទាល់និងបានជំរុញឱ្យក្រុមវិស្វករពន្លឿនការងារមួយចំនួននៅក្នុងការដ្ឋាន ខណៈអគារដ្ឋបាលសាលាខេត្តថ្មី គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។

អគាររដ្ឋបាលសាលាខេត្តថ្មីនេះ បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ មានកម្ពស់ ៦ជាន់ បណ្តោយ១០២ម៉ែត្រនិងទទឹង១០១ម៉ែត្រ។ ការសាងសង់អគារថ្មីនេះ បានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងមានការគាំទ្រពីឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អគារនេះត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលរដ្ឋបាលទំនើប និងជានិមិត្តរូបស្ថាបត្យកម្មថ្មីរបស់ខេត្តព្រះសីហនុ ដើម្បីបម្រើការងាររដ្ឋបាល និងផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…