ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចធិបតីថារដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក២ឆ្នាំបន្តទៀត

KPS99TV

សេចក្តីសង្ខេប

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថ្ងៃទី២៣ មិថុនា ថា ការលើកទឹកចិត្តពន្ធដារលើស៊ីម៉ងត៍ក្នុងស្រុកបន្ត២ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២៨។ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាឱ្យដឹងថា សមាជិកមានទុនវិនិយោគប្រមាណ១,២ពាន់លានដុល្លារ និងសមត្ថភាពផលិត១២លានតោនក្នុងមួយឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ២០២៨ ខណៈជាច្រើនឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលធ្លាប់បានផ្តល់ជូនដោយចាត់ទុកជាបន្ទុករបស់រដ្ឋ។

ការបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឡើងក្នុងឱកាសអនុញ្ញាឱ្យអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជយបពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។

អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម បាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩នាក់ ក្នុងនោះបុគ្គលិកនិងកម្មករខ្មែរមាន ១ ៩០០នាក់ស្មើនឹង ៩០%។

អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមថា សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបពី ៨ទៅ ៩លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ៨៥% នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍។ ការណ៍នេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគម។ ក្រៅពីប្រតិបត្តិការអាជីវកម្ម, សមាគមក៏បានចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ, សាលារៀន, មណ្ឌលសុខភាព និងការបំពាក់ភ្លើងបំភ្លឺតាមផ្លូវសាធារណៈជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានចាត់ទុកការទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាគឺជាការធានាបាននូវការផ្គត់ផ្គង់ស៊ីម៉ងត៍លើទីផ្សារក្នុងស្រុក។ សម្ដេចធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាននិងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។ សម្ដេចបានផ្ដល់អនុសាសន៍ដល់សមាគម ក៏ដូចជាបណ្តាក្រុមហ៊ុន, រោងចក្រ និង សហគ្រាសឯកជន ថា ដើម្បីធានាបានភាពប្រកួតប្រជែង និងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចំពោះផលិតផលរបស់ខ្លួន, អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាននូវគុណភាពល្អជាមួយតម្លៃសមរម្យ។

ជាមួយគ្នានេះសម្ដេចធិបតីបានលើកទឹកចិត្តឱ្យសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តពិនិត្យ និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលនឹងបន្តជួយជ្រោមជ្រែង និងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជន ព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានជំនឿទុកចិត្ត និងបន្តពង្រីកការបោះទុនវិនិយោគនៅកម្ពុជា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…