នៅម៉ោង១រសៀលថ្ងៃទី២៥ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់រដ្ឋធានីប៉េកាំងប្រទេសចិនប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។
អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ និងគណៈប្រតិភូ ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិប៉េកាំង រួមមាន៖ លោក លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រី នៃគណៈទាក់ទង ការបរទេស របស់ គណៈកម្មការកណ្តាល នៃបក្សកុម្មុយនីស្តចិន លោក ឆិន ហ្សូ (Chen Zhou) អនុរដ្ឋមន្ត្រី នៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាល នៃបក្សកុម្មុយនីស្តចិន និងលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
ចំណែក សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សនិងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជានិងរាជរដ្ឋាភិបាល។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចខាងលើ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិនព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និង លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត











