ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

«សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូតូចនិងមធ្យមឆ្ពោះទៅកាន់ទីផ្សារ»ជាប្រធានបទប្រារព្ធទិវាសហគ្រាសធុនមីក្រូតូចនិងមធ្យមឆ្នាំនេះ!

KPS99TV

សេចក្តីសង្ខេប

រាជរដ្ឋាភិបាលគ្រោងប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទសាងស្ពានឆ្ពោះទៅកាន់ទីផ្សារ ដោយមានគោលបំណង៥ ផ្តោតលើគោលនយោបាយ ការតភ្ជាប់ទីផ្សារ ផលិតផលក្នុងស្រុក ឌីជីថល និងភាពធន់។

សម្រាប់ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ដែលកប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចុះហត្ថលេខាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា។

អត្តន័យដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចរើសយកប្រធានបទខាងលើ បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី បានពន្យល់ថា ដើម្បីគោលបំណងសំខាន់ៗចំនួន៥ដូចជា៖

១. ផ្សព្វផ្សាយគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រសហគ្រាសធុនមីក្រូតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាព គុណភាព ការប្រកួតប្រជែងជាមួយការត្រៀមខ្លួនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ នាពេលខាងមុខ។

២. បង្កើតវេទិកាតភ្ជាប់រវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយទីផ្សារអ្នកផ្គត់ផ្គង់ វិនិយោគិន គ្រឹះស្ថានហិរញ្ញវត្ថុ វេទិកាពាណិជ្ជកម្មឌីជីថល និងសហគ្រាសធំៗ ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃនិងជំរុញការផ្គត់ផ្គង់ក្នុងស្រុក។

៣. លើកកម្ពស់ស្មារតីស្នេហាជាតិនិងការគាំទ្រផលិតផលក្នុងស្រុក តាមរយៈការជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក «ផលិតនៅកម្ពុជា» ដែលមានគុណភាព សុវត្ថិភាព ស្តង់ដា និងការវេចខ្ចប់ប្រកបដោយគុណភាព សោភណភាព និងការទាក់ទាញ។

៤. លើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ក្នុងការធ្វើទំនើបកម្មផលិតកម្ម ការគ្រប់គ្រងអាជីវកម្ម និងការធ្វើទីផ្សារ។

៥. ពង្រឹងភាពធន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងបរិបទភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ពិភពលោក ការប្រកួតប្រជែងតំបន់ និងបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយនិងពាណិជ្ជកម្មអន្ដរជាតិ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…