នាយកដ្ឋានពេទ្យការងារ សហការជាមួយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំដំណើរទស្សនកិច្ចសិក្សាក្រោមប្រធានបទ «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ» សម្រាប់អធិការការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) នាថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ មន្ត្រីជំនាញនៃមជ្ឈមណ្ឌល OSHTC បានធ្វើបទបង្ហាញ និងបង្ហាញពីការប្រើប្រាស់ឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបៗ សម្រាប់ការធ្វើតេស្ត និងអនុវត្តជាក់ស្តែងលើប្រសិទ្ធភាពនៃសម្ភារៈការពារបុគ្គល (PPE) សុវត្ថិភាពគ្រឿងម៉ាស៊ីន និងវិធានការបង្ការហានិភ័យក្នុងកន្លែងការងារ។
ជាពិសេស សិក្ខាកាមបានស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងឧបករណ៍ Virtual Reality (VR) ក្នុងការបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ដែលកំពុងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងជំនាញអនុវត្តជាក់ស្តែងនៅកម្ពុជា។
ក្រៅពីការសិក្សាទ្រឹស្តី សិក្ខាកាមក៏បានចូលរួមអនុវត្តផ្ទាល់លើការការពារការធ្លាក់ពីទីខ្ពស់ ការប្រើប្រាស់ខ្សែក្រវាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព សុវត្ថិភាពអគ្គិសនី និងស្ថានភាពហានិភ័យផ្សេងៗក្នុងកន្លែងការងារ ដើម្បីបង្កើនសមត្ថភាពក្នុងការត្រួតពិនិត្យ និងការពារសុវត្ថិភាពរបស់កម្មករនិយោជិត។
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ មន្រ្តីអធិការការងារទាំងអស់នឹងអាចយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទៅផ្សព្វផ្សាយ និងណែនាំបន្ថែមដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌សុវត្ថិភាព និងសុខភាពការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាពនៅកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម
















