ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចហ៊ុន សែន៖ការកសាងហេដ្ឋាចនាសម្ព័ន្ធនិងសេដ្ឋកិច្ចកម្ពុជាមិនអាចខ្វះចិនបានឡើយ

KPS99TV

សេចក្តីសង្ខេប

សម្ដេច ហ៊ុន សែន បានជួបឯកឧត្តម ស៊ី ជីនពីង នៅប៉េកាំង ព្រឹកថ្ងៃទី២៦ មិថុនា ដោយលើកឡើងពីតួនាទីចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចកម្ពុជា និងស្នើបន្តការគាំទ្រ។ ភាគីទាំងពីរក៏បានពិភាក្សាសន្តិសុខ និងការផ្លាស់ប្តូរ។

ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ  សម្ដេចតេជោលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានជជែកគ្នាទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្ដេចតេជោបានស្នើដល់ចិនឱ្យបន្តគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។

សម្ដេចតេជោ លើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…