លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា សមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋនៅឃុំទួលទទឹង គឺផ្លូវបេតុងថ្មី១ខ្សែ ប្រវែង ៨៨០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកព្រៃនប់ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ១០០% ហើយ និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់សាធារណជន។
ផ្លូវបេតុងថ្មីនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ ឱ្យកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាពជាងមុន។
ជាពិសេស ផ្លូវនេះនឹងជួយកាត់បន្ថយបញ្ហាដែលប្រជាពលរដ្ឋធ្លាប់ជួបប្រទះនាពេលកន្លងមក ដូចជា បញ្ហាដីហុយនៅរដូវប្រាំង និងបញ្ហាផ្លូវលិចទឹក ឬរអិលពិបាកធ្វើដំណើរនៅរដូវវស្សា ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ក៏ជាកត្តាជំរុញដ៏សំខាន់មួយក្នុងការទាក់ទាញការវិនិយោគ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងរួមចំណែកលើកស្ទួយការអភិវឌ្ឍឃុំទួលទទឹង និងស្រុកព្រៃនប់ ឱ្យកាន់តែរីកចម្រើន និងមានសក្តានុពលបន្ថែមទៀតនាពេលអនាគត៕
ដោយ៖ ប៉ៃ សុឃីម













