ស្រុកកំពង់សីលា៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃគម្រោងជួសជុលផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ដើម្បីតាមដានការអនុវត្តការងារ និងពិនិត្យបន្ថែមលើស្តង់ដារបច្ចេកទេសក្នុងដំណើរការជួសជុល នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០២៦។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យការសាងសង់ និងជួសជុលផ្លូវអនុវត្តទៅតាមលក្ខណៈបច្ចេកទេសប្រកបដោយគុណភាព សុវត្ថិភាព និងភាពរឹងមាំយូរអង្វែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
លោកអភិបាលស្រុក ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនអនុវត្តគម្រោង ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ការប្រើប្រាស់សម្ភារៈត្រឹមត្រូវតាមស្តង់ដារ និងការបញ្ចប់ការងារឱ្យបានតាមផែនការដែលបានកំណត់ ដើម្បីផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋ។
គម្រោងជួសជុលផ្លូវបេតុងនេះ ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ជំរុញសកម្មភាពសេដ្ឋកិច្ច ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ប៉ៃ សុឃីម













