ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់រាម បានរៀបចំពិធីជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន ៤០គ្រួសារ នៅស្នាក់ការគណបក្សសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមពី លោក នួន ប៊ុនថុល សមាជិកគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគណបក្សក្រុងកំពង់សោម ព្រមទាំងលោក ងួន ឧត្តម ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់រាម និងសមាជិកក្រុមការងារជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក នួន ប៊ុនថុល និងលោក ងួន ឧត្តម បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសការជំរុញឱ្យក្រុមការងារចុះតាមមូលដ្ឋាន ដើម្បីតាមដានស្ថានភាពជីវភាពរស់នៅ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍលើគ្រប់វិស័យនៅតាមមូលដ្ឋាន។
ក្នុងឱកាសអបអរសាទរខួបលើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ក្រុមការងារគណបក្សចុះជួយសង្កាត់រាម បានរៀបចំជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកនៅក្នុងមូលដ្ឋានចំនួន ៤០គ្រួសារ។
លោកប្រធានគណបក្សប្រជាជនក្រុងកំពង់សោម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យខិតខំបង្កបង្កើនផល ថែរក្សាសុខភាព និងចូលរួមថែរក្សាបរិស្ថានតាមរយៈការដាំដើមឈើ និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន ដូចជា អំពើលួច ឆក់ ល្បែងស៊ីសង ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងអំពើហិង្សា ដើម្បីរួមចំណែកធ្វើឱ្យភូមិ-សង្កាត់មានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។ ជាពិសេស ត្រូវជួយរាយការណ៍អំពីទីតាំងសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង ៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១បាវ មី ១កេស សារ៉ុង ១ រួមជាមួយគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៩ម៉ឺនរៀល។
បន្ថែមពីនេះ ក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់រាម ក៏បានឧបត្ថម្ភអង្ករចំនួន ១តោន ជូនស្នាក់ការគណបក្សសង្កាត់រាម សម្រាប់បន្តជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកនាពេលខាងមុខផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា





















