ខេត្តព្រះសីហនុ៖ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៃការចិញ្ចឹមត្រីរបស់បងប្អូនប្រជានេសាទនៅក្នុង ស្រុកស្ទឹងហាវ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ៕
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះមុខរបរចិញ្ចឹមត្រី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅតំបន់ឆ្នេរ។ ជាមួយគ្នានេះ ដោយសាររដូវវស្សាតែងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃជំនន់ទឹកភ្លៀង ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ព្រែក និងតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមវិធានការការពារសុវត្ថិភាពជាប្រចាំ។
ជាមួយនឹងការណែនាំនេះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ និងត្រៀមខ្លួនជានិច្ចក្នុងការជួយអន្តរាគមន៍ និងគាំទ្រប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើឡើង៕
ដោយ៖ ប៉ៃ សុឃីម


















