ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនសាជីវកម្មធំៗរបស់ចិន ក្នុងជំនួបដាច់ដោយឡែកផ្សេងៗគ្នាជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ បន្ទាប់ពីបញ្ចប់ «សិក្ខាសាលាផ្សព្វផ្សាយវិនិយោគកម្ពុជា» ដោយរលូននិងជោគជ័យ។
ក្នុងជំនួបដាច់ដោយឡែកទាំងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានពិភាក្សាការងារស៊ីជម្រៅជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់នៃបណ្តាក្រុមហ៊ុនសាជីវកម្មធំៗ លើកាលានុវត្តភាពវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដែលជាជំនាញឯកទេសកម្រិតអន្តរជាតិរបស់ក្រុមហ៊ុន រួមមានជាអាទិ៍៖ ការអភិវឌ្ឍលើវិស័យថាមពល (វារីអគ្គិសនី, ថាមពលដើរដោយខ្យល់, ថាមពលពន្លឺព្រះអាទិត្យ, និងថាមពលដើរដោយធ្យូងថ្ម), ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, វិស័យវិស្វកម្មគីមីនិងឥន្ធនៈ ដូចជាការរៀបចំរោងចក្រគីមីឥន្ធនៈ រោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតជីកសិកម្មជាដើម។
បើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ស៊ុន ចាន់ថុល កិច្ចពិភាក្សាខាងលើ ក៏បានផ្តោតលើកិច្ចសហប្រតិបត្តិការ សំដៅបើកទំព័រថ្មីក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបចុងក្រោយ រួមមាន៖ ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាអាកាសយានគ្មានមនុស្សបើក (Drone) ដើម្បីជាការចូលរួមជំរុញការធ្វើទំនើបកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនុកចិត្តនិងបំណងប្រាថ្នាវិនិយោគដ៏មានតម្លៃរបស់បណ្តាសាជីវកម្មឈានមុខរបស់ចិន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ CDC ក្នុងការផ្តល់នូវរាល់កិច្ចសម្របសម្រួល បង្កលក្ខណៈងាយស្រួល និងគាំទ្រយ៉ាងពេញទំហឹងជូនដល់វិនិយោគិនទាំងអស់ស្របតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលមានភាពអនុគ្រោះ និងបើកចំហខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនទាំងអស់បន្តសិក្សាស្វែងយល់បន្ថែមដើម្បីពង្រីកការវិនិយោគផ្ទាល់លើគម្រោងបច្ចេកវិទ្យាបៃតង និងនវានុវត្តន៍ឌីជីថលទំនើបៗ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងផែនការអន្តរកាលថាមពលស្អាតរបស់កម្ពុជានោះទេ ប៉ុន្តែថែមទាំងជាកាតាលីករគន្លឹះក្នុងការលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្ម ព្រមទាំងការកសាងសមត្ថភាពបច្ចេកទេសក្នុងស្រុក សំដៅរួមចំណែកយ៉ាងពិតប្រាកដក្នុងការជំរុញ «របៀងអភិវឌ្ឍន៍ឧស្សាហកម្មនិងបច្ចេកវិទ្យាកម្ពុជា-ចិន» ឱ្យកាន់តែមានឫសគល់មាំមួន ប្រកបដោយបរិយាបន្ន និងចីរភាពតទៅអនាគត៕
ដោយ៖ ង៉ែត ពិសាន្ត
















