ខេត្តព្រះសីហនុ៖ ដើម្បីធានាការរំដោះទឹកឱ្យបានល្អក្នុងរដូវវស្សា និងរក្សាបរិស្ថានឱ្យមានភាពស្អាតស្អំ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងាររបស់មន្ទីរ ដឹកនាំគ្រឿងចក្រចុះប្រតិបត្តិការស្ដារសំរាម និងសម្អាតប្រព័ន្ធអូររំដោះទឹកនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅអូរព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ និងអូរស្ដេចមឹក ស្ថិតក្នុងសង្កាត់លេខ៤ ដោយក្រុមការងារបានប្រមូល និងដឹកជញ្ជូនសំរាមចេញពីអូរទាំងពីរ សរុបឡានប្រភេទ ២៥តោន ចំនួន ៧ឡាន និងឡានប្រភេទ ៥តោន ចំនួន ១០ឡាន។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបោះចោលសំរាមមិនបានត្រឹមត្រូវ និងការចោលសំណល់ចូលក្នុងប្រព័ន្ធអូរ និងប្រឡាយរំដោះទឹក គឺជាមូលហេតុសំខាន់ដែលបណ្ដាលឱ្យកើតមានការកកស្ទះចរន្តទឹកហូរ បង្កជាជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង។
ក្នុងឱកាសនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមថែរក្សាបរិស្ថាន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមិនបោះចោលសំរាមចូលក្នុងអូរ ប្រឡាយ ឬប្រព័ន្ធរំដោះទឹក ដើម្បីរួមគ្នាកសាងទីក្រុងព្រះសីហនុឱ្យកាន់តែស្អាត បៃតង និងគ្មានការលិចលង់ដោយជំនន់ទឹកភ្លៀង៕
ដោយ៖ ប៉ៃ សុឃីម















