ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅសង្កាត់បិតត្រាំង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក ម៉ាង ស៊ីណេត បានចុះសួរសុខទុក្ខ និងផ្តល់ស្បៀង សម្ភារៈ និងថវិកាដល់អ្នករងជំនន់នៅភូមិចំណោតរាម សង្កាត់បិតត្រាំង រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងអំពាវនាវឱ្យប្រុងប្រយ័ត្ន និងបន្តតាមដានស្ថានភាពទឹក។

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការសោកស្តាយចំពោះគ្រោះធម្មជាតិដែលបានកើតឡើង និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូចនេះក្នុងឱកាសអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ព្រមទាំងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។

ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសកុមារតូចៗ និងចាស់ជរា ដោយសារស្ថានភាពអាកាសធាតុមិនទាន់មានភាពប្រក្រតីនៅឡើយ។

ហើយឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រសិនបើមានករណីចាំបាច់កើតឡើង។

អំណោយដែលបានផ្តល់ជូននាពេលនោះ រួមមានគ្រឿងឧបភោគបរិភោគចាំបាច់ និងថវិកាមួយចំនួន ដែលជាការចូលរួមចំណែកសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងពេលជួបគ្រោះអាសន្ននេះផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…