រថយន្តស៊េរីទំនើបម៉ាក Rolls-Royce ពាក់ស្លាកលេខ ភ្នំពេញ 2CQ-8888 ត្រូវបានសមត្ថកិច្ចតាមឃាត់បាន បន្ទាប់ពីមានការប៉ះទង្គិចជាមួយម៉ូតូមួយគ្រឿង បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយកើតហេតុ ភាគីរថយន្តបានព្យាយាមបើកចាកចេញពីទីតាំង ដោយមិនបានឈប់ដោះស្រាយជាមួយភាគីរងគ្រោះភ្លាមៗនោះទេ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានធ្វើការតាមឃាត់រថយន្តខាងលើបានជោគជ័យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៧យប់ជាង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីសមត្ថកិច្ចឃាត់រថយន្តបានហើយ ភាគីម្ចាស់រថយន្ត និងម្ចាស់ម៉ូតូ បានធ្វើការពិភាក្សា និងដោះស្រាយគ្នា ដើម្បីបញ្ចប់ករណីនៅកន្លែងកើតហេតុ៕
ដោយ៖ ប៉ៃ សុឃីម











