ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២៩ ខែមិថុនា បានចុះពិនិត្យទីតាំងច្រាំងទន្លេមេគង្គដែលរងការបាក់ស្រុតកាលពីពេលកន្លងទៅ នៅក្បែរកំពង់រង់ចាំ ក្នុងក្រុងកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មី។
បើតាមមន្ទីរព័ត៌មានខេត្តកំពង់ចាមបានដកស្រង់សម្តីប្រជាពលរដ្ឋរស់នៅក្បែរនោះ បានប្រាប់ឱ្យដឹងថា ករណីបាក់ស្រុតផ្លូវ និងច្រាំងទន្លេមេគង្គនេះ បានបង្កការព្រួយបារម្ភដល់ការរស់នៅរបស់ពួកគេ និងអ្នកធ្វើដំណើរលើដងផ្លូវនេះផងដែរ។ ប៉ុន្តែតាមការអន្តរាគមន៍របស់ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញផែនការសាងសង់ច្រាំងការពារថ្មី ហើយបានជួយដោះស្រាយក្តីបារម្ភ និងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ។
ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហើបប្រាប់ថា ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តនឹងសហការគ្នាជិតស្និទ្ធ ដើម្បីពន្លឿនការងារសាងសង់សំណង់ទប់ច្រាំងថ្មីនេះឱ្យបានឆាប់រហ័ស និងមានគុណភាពរឹងមាំយូរអង្វែង។
គួររំលឹកថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេមេគង្គ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅនៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម តែមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។ មូលហេតុការបាក់ស្រុតច្រាំងទន្លេនៅទីតាំងនេះ ដោយសារទីតាំងនោះស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ៦ ម៉ែត្រ។ ទំហំនៃការខូចខាតរួមមាន៖ ១. ផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១,១ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ម៉ែត្រ-១,៦ម៉ែត្រ និង២. ផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ក្នុងនោះបញ្ហាប្រឈមប្រវែង ៣៥ម៉ែត្រ កម្ពស់ចាប់ពី ០,១ម៉ែត្រ-០,៣ម៉ែត្រ៕
ដោយ៖ ង៉ែត ពិសាន្ត











